ឧត្តមដួងចិត្ត / Udom Doung Chet - Sinn Sisamouth / Sin Sisamuth
ប្រវត្តិបទចម្រៀង ឧត្តមដួងចិត្ត
បទ ឧត្តមដួងចិត្ត (Udom Doung Chet) ជាបទចម្រៀងដែលកើតឡើងពីស្នាដៃរបស់ខ្មែរតាំងពីឆ្នាំ១៩៥៦មកម្លេះ និងច្រៀងដោយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត ដែលជាបទមួយដែលអ្នកគាំទ្រលោកនៅតែដក់ជាប់ក្នុងអារម្មណ៍ ស្តាប់មិនចេះជិនណាយ ទោះបីជាមានរយៈពេល៦០ឆ្នាំកន្លងផុតក្តី។
លោក ស៊ីន ស៊ីសាមុត ជាអ្នកចម្រៀងខ្មែរមួយរូបដែលល្បីល្បាញពីអតីតកាលនាទសវត្ស៥០ - ៧០ ដោយមានទឹកដមសំនៀងក្រអួនក្រអៅ និងនៅតែដក់ជាប់ក្នុងចិត្តប្រជាពលរដ្ឋ ខ្មែរស្ទើរគ្រប់រូប និងទូទាំងពិភពលោក។ លោកបានចូលក្នុងរង្វង់សិល្បៈរហូតទទួលបានងារជា អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត ពីព្រះមហាក្សត្រ។
សូមបញ្ជាក់ថា នៅឆ្នាំ១៩៥៥ លោក ស៊ីន ស៊ីសាមុត បានរៀបអាពាហ៍ពិពាហ៍ ជាមួយកញ្ញា ខាវ ថងញ៉ុត ដែលត្រូវជាបងប្អូនជាទួតមួយ។ លោក ស៊ីន ស៊ីសាមុត មានបុត្រាបុត្រីចំនួនបួននាក់ ដោយនៅឆ្នាំ១៩៥៦ គាត់បានកូនស្រីមួយ ឈ្មោះ ស៊ីន យុទ្ធនា ក្នុងអំឡុងពេលនោះហើយដែលលោកបានតែងចម្រៀងមួយបទដាក់ចំណងជើងថា ឧត្តមដួងចិត្ត។
នេះជាសំនៀងរបស់លោក ស៊ីន ស៊ីសាមុត “បទ ឧត្តមដួងចិត្ត”
ខ្លឹមសារបទចម្រៀង ឧត្តមដួងចិត្ត៖
១). ឧត្តមដួងចិត្តជីវិតបង ឱ!ស្រស់នួនល្អង ក្នុងដួងចិត្តបងសៅហ្មងរាល់ថ្ងៃ តាំងពីស្រីពៅ ចាកទៅប្រុសនៅអាល័យ ទន្ទឹងរាល់ពេលយប់ថ្ងៃ ថាស្រីថ្លៃមករកបង។
២). ពេលគេងរៀមគេងឱបក្តីព្រួយ ព្រោះរស់ខ្លួនមួយ ព្រួយអើយ! សែនព្រួយ ព្រួយពេកកន្លង ចរចារម្នាក់ឯង គ្មានឮសំឡេងឆ្លើយឆ្លង គួរចិត្តអាណិតបងផង ព្រោះតែបងនៅស្នេហា។
៣). វិលវិញណាព្រលឹងអើយ! ប្រុសយំទុក្ខធំឥតស្បើយ ថ្នល់ក្នើយកើយពីរកាយា ភួយយំរកនាង ចង្កៀងសួររកជីវា ម្ចាស់ខ្ញុំលោកទៅឋានណា ខ្ញុំសោកា ខ្លោចផ្សាអាល័យ។
៤). គួរណាស់វិលវិញកុំកែប្រែ វិលមករួមស្នេហ៍ ដៃបងទាំងទ្វេទទួលស្រីថ្លៃ វិលមកព្រលឹង បងគេរំពឹងរាល់ថ្ងៃ វិលមកចុះណាចរណៃ បើស្រីថ្លៃមេត្តាបង។



Comments
Post a Comment