ប្រវត្តិសង្ខេបអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត / History of Sinn Sisamouth


ប្រវត្តិសង្ខេបអធិរាជសំលេងមាសស៊ីន ស៊ីសាមុត

អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត​ ជាអ្នកចម្រៀង និងនិពន្ធបទចម្រៀង ដ៏ល្បីល្បាញនៅក្នុងកំឡុង​ទសវត្ស ៥០ ដល់៧០។ លោក ស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២​ នៅខេត្ត ស្ទឹងត្រែង នាភាគឥសាន្តនៃប្រទេសកម្ពុជា ជាប់នឹងព្រំដែនឡាវ ក្នុងគ្រួសារដែលមានជីវភាពមធ្យម។  ឪពុកលោក ស៊ីន ស៊ីសាមុត មានឈ្មោះ ស៊ីន លៀង ជាមន្ត្រីយោធា និងអ្នកម្តាយឈ្មោះ ស៊ីប ប៊ុនឡី ជាស្ត្រីមេផ្ទះ។

លោកបានចូលរៀនបឋមសិក្សានៅអាយុ៥ឆ្នាំ នាខេត្តស្ទឹងត្រែង ដោយមានឧបនិស្ស័យខាងសិល្បៈ​តាំងពីកុមារ។ នាឆ្នាំ១៩៥១ អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត​ មានអាយុ២០ឆ្នាំ  បានបញ្ចប់ការសិក្សាថ្នាក់​ចំណេះ​ដឹង​ទូទៅ ហើយក៏បានប្រឡងជាប់បន្តការ​សិក្សា សាលាវិជ្ជាពេទ្យ ដោយបានធ្វើការជាពេទ្យមធ្យម នៅមន្ទីរពេទ្យព្រះអង្គឌួង នៅក្រុងភ្នំពេញ។

នៅឆ្នាំ១៩៥៥ លោក ស៊ីន ស៊ីសាមុត បានរៀបអាពាហ៍ពិពាហ៍ ជាមួយកញ្ញា ខាវ ថតញ៉ុត ដែលត្រូវជាបងប្អូន​ជាទួតមួយ។ លោក ស៊ីន ស៊ីសាមុត មានបុត្រាបុត្រីចំនួនបួននាក់ ដោយនៅឆ្នាំ១៩៥៦ គាត់បានកូនស្រីមួយ ឈ្មោះ ស៊ីន យុទ្ធនា ពេលនោះលោកក៏បានតែងចម្រៀងមួយ​បទដាក់ចំណងជើងថា​ ឧត្តមដួងចិត្ត។ រហូតដល់ឆ្នាំ១៩៥៨ លោក ស៊ីន ស៊ីសាមុត​ បានកូនប្រុសម្នាក់ទៀត ឈ្មោះ ស៊ីន ច៍ន្ទឆាយ៉ា នាពេលនោះជាពេលមួយដែលោកបានចួលច្រៀងជាមួយក្រុមតន្ត្រីសង្គមរាស្ត្រនិយម។ ឆ្នាំ១៩៥៩ លោកបានកូនប្រុសម្នាក់ទៀត ឈ្មោះ ស៊ីន វ៉ាន់ថា នៅពេលនោះលោក ស៊ីន ស៊ីសាមុត ក៏បាននិពន្ធបទចម្រៀង មួយបទទៀតគឺ ចំប៉ីសៀមរាប។ រហូតដល់ឆ្នាំ១៩៦៧ លោកទទួលបានកូនប្រុសម្នាក់ទៀត ឈ្មោះ ស៊ីន ប្រាសាទសង្វា និងបានសង់ផ្ទះរស់នៅដ៏សុខសាន្តមួយនៅម្តុំទួលទំពូង។

លោក ស៊ីន ស៊ីសាមុត ក៏ត្រូវបានព្រះមហាក្សត្រយានី កុសុមៈនារីរតន៍សេរីវឌ្ឍនា អញ្ជើញឲ្យទៅច្រៀងក្នុងវង់​តន្ត្រីព្រះរាជទ្រព្យ ជាមួយលោក សុះ ម៉ាត់ ដើម្បីប្រគុំក្នុងកម្មវិធីផ្សេងៗ ប្រគុំកំដររបាំព្រះរាជទ្រព្យនៅទទួលភ្ញៀង​អន្តរជាតិដែលមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា និងពេលចេញទៅសម្តែងនៅបរទេស។ លោក ស៊ីន ស៊ីសាមុត ក៏ត្រូវបានទទួលព្រះរាជអនុញ្ញាត ព្រះបរមព្រះរតនៈកោដ្ឋ ព្រះករណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលកាលនោះនៅគង់ជាព្រះប្រមុខរដ្ឋ និងឲ្យចម្រៀងដែលជាព្រះរាជនិពន្ធផ្ទាល់របស់ព្រះអង្គ ដូចជាបទ រាត្រីជួបភក្ត្រជាដើម ដែលធ្វើឲ្យគាត់កាន់តែល្បី រហូតទទួលបានងារពីព្រះមហាក្សត្រថាជាអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត។

លោក ស៊ីន ស៊ីសាមុត បាទលាចាកលោកយើងប្រហែលក្នុងឆ្នាំ១៩៧៦ ក្នុងរបបប្រល័យពូជសាសន៍ ដោយបន្សល់ទុកនូវក្តីសោកសៅ និងអាលោះអាល័យពីគ្រួសារ ញាតិមិត្ត និងអ្នកគាំទ្រសំនៀងរបស់លោកទូទាំងប្រទេស។


ចម្រៀងរបស់លោកនៅតែបន្តមានឥទ្ធិពល ពេញនិយម និងគាំទ្រនៅក្នុងសោទិន្ទ្រីយារម្មណ៍ខ្មែរ​ស្ទើគ្រប់រូប មរតកសំនៀង និងស្នាដៃនិពន្ធបទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ជាមោទនៈភាពសិល្បៈតន្ត្រីសម្រាប់​សង្គមខ្មែរ និងជាអន្តរជាតិ តាមរយៈការនិពន្ធបទចម្រៀងដែលមានចរិតជាខ្មែរដោយខ្លួនឯង។ សក្ខីភាពនៃភាពល្បីល្បាញជាអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត គឺមានសំលេងពិរោះដ៏ក្រអួនក្រអៅ ពោពេញដោយមនោសញ្ចេតនាផ្អែមល្ហែម និងទេព្វកោសល្យច្រៀងបទបែបខ្ពស់ ប្រើពេលខ្លីក្នុងារហាត់ច្រៀង​បទថ្មី ចេះនិពន្ធបទចម្រៀងដោយខ្លួនឯងយ៉ាងពិរោះរន្តំ ចេះលេងម៉ូដេលីនយ៉ាងប៉ិនប្រសប់។ បទចម្រៀងរបស់លោកនៅតែល្បីរហូតកមដល់បច្ចុប្បន្ន ស្តាប់មិនចេះជិនណាយ ជាសិល្បៈករដែលគួរឲ្យគោរព និងយកគំរូតាម មិនប្រកាន់ មិនមើលងាយអ្នករួមអាជីព ស្រលាញ់រាប់អានមិត្តភក្ត្រ គោរពវិន័យការងារ និងផ្សាភ្ជាប់អាជីពខ្លួនជាមួយឧត្តមភាពជាតិ និងសង្គម។

Comments